អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម និងប្រមូលអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ទំនិញឬសេវាឱ្យអតិថិជន។
ទំនិញ សំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លីនិងប្រាក់កាស រីឯសេវា សំដៅដល់ការផ្តល់អ្វីមួយដែលមានតម្លៃ ក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស។
ការផ្គត់ផ្គង់ជាប់អាករសំដៅដល់ៈ
- ការផ្គត់ផ្គង់ទំនិញឬសេវាដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ
- ការផ្តល់ជាអំណោយឬការផ្គត់ផ្គង់ក្រោមតម្លៃពិត នូវទំនិញឬសេវាដោយបុគ្គលជាប់អាករ
- ការនាំចូលទំនិញមកក្នុងតំបន់ត្រួតពិនិត្យគយនៃព្រះរាជាណាចក្រកម្ពុជា
ការផ្គត់ផ្គង់មិនជាប់អាករមានដូចតទៅៈ
- សេវាប្រៃសណីយ៍សាធារណៈ
- សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្រ្តនិងទន្តសាស្រ្តនិងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្ត និងទន្តសាស្រ្តដែលទាក់ទិននិងការបំពេញសេវាទាំងនេះ
- សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
- សេវាធានារ៉ាប់រង
- សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ ក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- សកម្មភាពមិនស្វែងរកចំណេញដើម្បីបំរើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ការនាំចូលនិងការទិញទំនិញសម្រាប់ឬដោយបេសកកម្មទូតនិងកុងស៊ុលបរទេសអង្គការអន្តរជាតិ និងទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា សម្រាប់យកមកប្រើនៅក្នុងការបំពេញមុខងារជាផ្លូវការរបស់ខ្លួន
អត្រាអាករលើតម្លៃបន្ថែមមានៈ
- ១០% សម្រាប់ការនាំចូលឬការផ្គត់ផ្គង់ទំនិញឬសេវាក្នុងព្រះរាជាណាចក្រកម្ពុជា
- ០% សម្រាប់ការនាំចេញ
ការគណនាប្រាក់អាករត្រូវបង់ៈ
- ប្រាក់អាករដែលបានបង់នៅពេលនាំចូលទំនិញ ឬប្រាក់អាករដែលបានបង់លើការទិញទំនិញ ឬសេវា សម្រាប់ ប្រកបអាជីវកម្ម ហៅថា "អាករលើធាតុចូល"
- ប្រាក់អាករដែលបានគិតយកពីអតិថិជនពីការផ្គត់ផ្គង់ទំនិញ ឬសេវាហៅថា "អាករលើធាតុចេញ"
- ប្រាក់អាករត្រូវបង់ = អាករលើធាតុចេញ - អាករលើធាតុចូល
អាករលើធាតុចូលដែលមិនអាចកាត់កងបានៈ
អាករលើធាតុចូលដែលមិនអាចកាត់កងបានរួមមានប្រាក់អាករដែលបានបង់លើៈ
- ចំណាយទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ លើកលែងតែបុគ្គលជាប់អាករមានអាជីវកម្មជាអ្នកផ្គត់ផ្គង់ ការទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ
- ការទិញឬការនាំចូលរថយន្ត លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកលក់ ឬជួលរថយន្ត
- ការទិញឬការនាំចូលផលិតផលតេលសិលាមួយចំនួន លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកផ្គត់ផ្គង់ ផលិតផលតេលសិលាទាំងនោះ
អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់ជាប់អាករនូវទំនិញឬសេវា ត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករជូនរដ្ឋបាលសារ ពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមាន ការផ្គត់ផ្គង់។ |